គុណតម្លៃផ្នែកវប្បធម៌
យើងខ្ញុំមានឆន្ទៈមោះមុតក្នុងការលើកកម្ពស់ភាតរភាព និងការបង្រួបបង្រួមជាមួយអ្នកផ្ទៃក្នុង និងអ្នកខាងក្រៅ ដើម្បីសម្រេចឲ្យបាននូវកិច្ចសហប្រតិបត្តិការជាមួយពួកយើង និងជាមួយដៃគូរបស់យើងខ្ញុំ ហើយគ្រប់ភាគីទាំងអស់នឹងទទួលបាននូវជោគជ័យរៀងៗខ្លួនដូចៗគ្នា។ ដើម្បីសម្រេចនូវបេសកកម្មដែលត្រូវអនុវត្តនេះ និងឆ្ពោះទៅរកការសម្រេចចក្ខុវិស័យដែលជាក្ដីស្រមៃរបស់យើងខ្ញុំ នោះគុណតម្លៃខាងវប្បធម៌ ត្រូវបានបង្កើតឡើងដោយផ្អែកលើទស្សនទានសំខាន់ៗមួយចំនួនមានជាអាទិ៍ —ចំណេះដឹង, បញ្ញា, គំនិតច្នៃប្រឌិត, ក្រមសីលធម៌វិជ្ជាជីវៈ និងការបម្រើអតិថិជន ផ្អែកតាមអត្ថន័យដូចខាងក្រោម។
- ចំណេះដឹង ៖ សំដៅទៅលើជំនាញឯកទេស ដែលទទួលបានពីការអនុវត្ត និងការបណ្ដុះបណ្ដាលជាប្រព័ន្ធរបស់បុគ្គល ឬបុគ្គលិកណាម្នាក់ ដែលជាផ្នែកមួយដ៏សំខាន់នៃធាតុចូល មុននឹងគាត់ អាចបង្កើតបាននូវសេវា និងផលិតផលមានគុណភាពសម្រាប់ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។
- បញ្ញា៖ មានន័យថាជាទេពកោសល្យពីធម្មជាតិរបស់បុគ្គល ឬបុគ្គលិកណាម្នាក់ ក្រៅពីចំណេះដឹង របស់គាត់ ដែលបញ្ញានេះ ត្រូវបានប្រើប្រាស់សម្រាប់សម្រេចចនូវសក្ដានុពលផ្ទាល់ខ្លួនរបស់មនុស្ស ម្នាក់ៗ, ជម្រុញការធ្វើការងារជាក្រុម និងការបំពេញការងារជូនក្រុមហ៊ុនជារួម។
- គំនិតច្នៃប្រឌិត គឺជាកម្លាំងរួមគ្នាកើតចេញពីគំនិតសហការណ៍ ដែលរកឃើញដោយបុគ្គលច្រើន ឬដោយការធ្វើការងារជាក្រុមដើម្បីបង្កើតអ្វីដែលថ្មីសម្រាប់បន្ថែមតម្លៃដល់ម្ចាស់ភាគហ៊ុន, បុគ្គលិក, អតិថិជន និងសាធារណជន។
- ក្រមសីលធម៌វិជ្ជាជីវៈ សំដៅទៅលើការអនុវត្តដោយគោរពតាមសិទ្ធិកម្មសិទ្ធិបញ្ញា, ធានានូវការសម្ងាត់, និងប្រតិបត្តិតាមច្បាប់ និងបទប្បញ្ញត្តិ ហើយនិងទទួលខុសត្រូវចំពោះរាល់សកម្មភាព, សេវាកម្ម និងផលិតផលទាំងអស់របស់យើងខ្ញុំ។
- ការបម្រើអតិថិជន មានន័យថាជាការបង្កើតនូវតម្លៃបន្ថែមទៀតឲ្យអតិថិជនតាមរយៈយុទ្ធសាស្រ្តទីផ្សារត្រីកោណរបស់យើងខ្ញុំ៖ ១) បង្កើតនូវសេវាផ្សេងៗទៀតដើម្បីឆ្លើយតបនឹងការចង់បានរបស់អតិថិជន, ២)បង្កើតតម្លៃ និងប្រយោជន៍សម្រាប់អតិថិជន និង ៣) រក្សានូវទំនាក់ទំនងយូរអង្វែងជាមួយអតិថិជន។